ក្រោយប្រលង The Voice Kids Cambodia កុមារី កែវ ហ្សាណា ការ.ងារហូរចូលមិនដា-ច់
កម្សាន្ត៖ កុមារីដ៏ឃ្យូតគួរឱ្យស្រលាញ់ កែវ ហ្សាណា ដែលមានវ័យ ៧ឆ្នាំ បានធ្វើឱ្យមហាជន ចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងវគ្គ Blind Audition នៃកម្មវិធី The Voice Kids Cambodia រដូវកាលទី៣ តែគួរឱ្យស្តាយកុមារីរូបនេះបានធ្លាក់ក្នុងវគ្គបន្ទាប់។ ដ្បិតថា មិនទទួលជ័យជំនះក្នុងកម្មវិធីប្រលងខាងលើនេះ ក៏ពិតមែនតែកុមារី កែវ ហ្សាណា ទទួលបានការងារជាច្រើនទាំងវ័យក្មេង លេចមុខនៅក្នុងកម្មវិធីប្រគំតន្រ្តីនានា ជាពិសេស កែវ ហ្សាណា បានចូលរួមសម្តែងនៅក្នុងរឿងភាគថ្មីរបស់ស្ថានីយ៍ទូរទស្សន៍ ភីអិនអិន ទៀតផង។
មហាជនដែលនិយមតាមដានក្នុងកម្មវិធី The Voice Kids Cambodia រដូវកាលទី៣ ប្រាកដជានៅចាំកុមារីម្នាក់ដែលមានដុងសិល្បៈមិនធម្មតា គឺកុមារី កែវ ហ្សាណា ដែលបានជ្រើសរើសបទ «ពឺតៗ» មកបកស្រាយក្នុងវគ្គ Blind Audition ។ ត្រឹមវ័យ៧ឆ្នាំ កុមារីរូបនេះ ចេះទាំងច្រៀង ដើរម៉ូដ ចេះទាំងរាំបែបសម័យ និងបុរាណ និងរៀបចំខ្លួនបានយ៉ាងល្អ ដែលធ្វើឱ្យមហាជនចូលចិត្តកុមារីរូបនេះយ៉ាងខ្លាំង។ ប៉ុន្តែគួរឱ្យស្តាយ កុមារី កែវ ហ្សាណា ត្រូវជាកូនក្រុមរបស់អ្នកនាង ឱក សុគន្ធកញ្ញា បានធ្លាក់នៅក្នុងវគ្គ The Battles សប្តាហ៍ទី៣។
យ៉ាងណាមិញ ដ្បិតថា កែវ ហ្សាណា បានធ្លាក់នៅក្នុងកម្មវិធីប្រលងក៏ពិតមែន ប៉ុន្តែបន្ទាប់ពីកម្មវិធីរកឃើញម្ចាស់ជ័យលាភីរួច គេក៏សង្កេតឃើញថា កុមារី កែវ ហ្សាណា ក្តោបបានឱកាសចេញច្រៀងតាមកម្មវិធីប្រគំតន្រ្តីនានាទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផងដែរ។ ការទទួលបានការងារទាំងវ័យក្មេងនេះក៏មិនមែនជារឿងចៃដន្យដូចគ្នា ព្រោះ កែវ ហ្សាណា ជាក្មេងម្នាក់ដែលមានដុងសិល្បៈខ្ពស់ និងទទួលបានការហ្វឹកហាត់បានយ៉ាងល្អពីក្លិបព្រះកាយច័ន្ទ ទើប ហ្សាណា ទទួលបានឱកាសការងារច្រើនថែមទាំងមានជំនាញជាច្រើនក្នុងវិស័យសិល្បៈទាំងការច្រៀង រាំ និងដើរម៉ូដ។
មិនត្រឹមតែប៉ុណ្ណោះ ម្ចាស់ក្លិបព្រះកាយច័ន្ទ គឺកញ្ញា ព្រះកាយចន្ទ បានផ្តល់បទសម្ភាសជាមួយ Lee News តាមតេលេក្រាមថា បច្ចុប្បន្ន កែវ ហ្សាណា ទទួលបានការជាច្រើន ជាពិសេស គឺតាមកម្មវិធីប្រគំតន្រ្តី។កញ្ញា ព្រះកាយច័ន្ទ បានបន្តទៀតថា មិនត្រឹមបានច្រៀងក្នុងកម្មវិធីប្រគំតន្រ្តីប៉ុណ្ណោះទេ កែវ ហ្សាណា ក៏បានសម្តែងរឿងភាគរបស់ស្ថានីយ៍ទូរទស្សន៍ភីអិនអិន មានចំណងជើងថា «Cover ស្នេហ៍» ហើយមហាជននឹងបានឃើញពីទេពកោសល្យរបស់កុមារីរូបនេះ៕