លោក ពេជ្រ សុផាន់ ទម្លាយមូលហេតុរំសាយការប្រកួតរបស់ ពេជ្រ សម្បត្តិ នៅ ថៃហ្វៃ
លោក ពេជ្រ សុផាន់ គ្រូបង្វឹកនៃក្លិបប្រដាល់ចលនាយុវជនកម្ពុជា១៥៧គុនខ្មែរ មានបំណងចង់នាំ កូនសិស្សរបស់ខ្លួនក្របីព្រៃមុខដែក ពេជ្រ សម្បត្តិ ចេញទៅប្រកួតកម្មវិធីក្រៅស្រុក ថៃហ្វៃ ដោយខ្លួនឯង ព្រោះមិនចង់ឲ្យប្រមូទ័រមកពាក់ព័ន្ធខ្លាចនាំមានបញ្ហាច្រើន។
អតីតជើងខ្លាំងគុនខ្មែរលោក ពេជ្រ សុផាន់ បានប្រាប់មកកាន់ Lee News តាមប្រព័ន្ធតេឡេក្រាមឱ្យដឹងថា « សម្រាប់ការរំសាយ ពេជ្រ សម្បត្តិ ទៅប្រកួត នៅថៃហ្វៃនាចុងខែកុម្ភៈ នេះ គឺខ្ញុំមានការសោកស្ដាយខ្លាំងណាស់ ដោយសារប្រម៉ូតទ័រគាត់ទាក់ទងរួចហើយ តែមានបញ្ហាបន្តិចបន្តួច រួចក៏មានការរំសាយវិញ ។ ប្រសិនបើសម្បត្តិទៅប្រកួត តាមប្រមូទ័រ ហើយទទួលបានតម្លៃខ្លួន ១ម៉ឺន ២ម៉ឺនបាតទេ ខ្ញុំគិតថាតម្លៃខ្លួន តិចជាងនៅស្រុកខ្មែរទៅទៀត ។ ដូច្នេះយើងទៅប្រកួតក្រៅស្រុកដើម្បីអ្វី ខ្ញុំអត់យល់ដែរ ដល់អញ្ចឹង សម្រាប់ខ្ញុំមានបំណង ទាក់ទងផ្ទាល់ ដោយខ្ញុំមិនចង់មានប្រមូទ័រ ពាក់ព័ន្ធ ទៅជាមានបញ្ហាច្រើន»។
លោក ពេជ្រ សុផាន់ បានបន្តទៀតថា «ខ្ញុំព្យាយាមទាក់ទងផ្ទាល់ខ្លួនឯងវិញ ហើយនៅពេលដែលខ្ញុំបានចេញទៅពេលណា ខ្ញុំនឹងចេញដំណើរទៅពេលហ្នឹង។ បើតាមអ្វីដែលខ្ញុំដឹង ប្រមូទ័រ ដែលទាក់ទងសម្បត្តិទៅប្រកួតនៅថៃហ្វៃ គាត់ប្រាប់មកវិញថាឥឡូវ ថៃហ្វៃ គេសហការជាមួយប៉ុស្តិ៍ទូរទស្សន៍ លេខ៥ ហើយនឹងសហព័ន្ធប្រដាល់គុនខ្មែរ ប្រសិនបើយើងចង់ចេញទៅប្រកួត យើងត្រូវទាក់ទងតាមប៉ុស្តិ៍លេខ៥ និងសហព័ន្ធ ដូច្នេះគេរំសាយគាត់ចោលហើយ។
សូមរម្លឹកថា កាលពីពេលថ្មីៗនេះ លេចលឺដំណឹងថា ក្របីព្រៃ ពេជ្រ សម្បត្តិ គ្រោងចេញប្រកួតក្រៅស្រុក នៅទឹកដីប្រទេសថៃ ក្នុងកម្មវិធីថៃហ្វៃ នៅចុង ខែកុម្ភៈ ឆ្នាំ២០២៣ តែពេលនេះត្រូវបានរំសាយវិញ៕