មឿន សុខហ៊ុច នៅតែចិញ្ចឹមចិត្តចង់បានក្របខ័ណ្ឌរដ្ឋ បើទោះគ្មានអ្នកអើពើ
អ្នកលេងរន្ទះជើង មឿន សុខហ៊ុច នៅតែចិញ្ចឹមចិត្តចង់ទទួលបានឱកាសចូលក្របខ័ណ្ឌរដ្ឋ ខណៈកន្លងមកហាក់គ្មានអ្នកអើពើសម្រាប់ក្ដីសង្ឃឹមមួយនេះ។
ថ្លែងប្រាប់ Lee News កាលពីពេលថ្មីៗនេះ អ្នកប្រដាល់គុនខ្មែរ ដែលកំពុងហ្វឹកហាត់នៅក្លិបប្រដាល់នាយកដ្ឋានអង្គរក្ស បាននិយាយទាំងទឹកមុខកំសត់ថា « បាទបងខ្ញុំចង់បានក្របខ័ណ្ឌ ដូចគេដូចឯងដែរ តែអត់ទាន់មានទេ ។ ពេលឃើញសិស្សប្អូន និងសិស្សហាត់រួមជំនាន់ គេទទួលបានក្របខ័ណ្ឌមានអារម្មណ៍ តូចចិត្តដែរបង ដោយសារកីឡាករលំដាប់ដូចគ្នា ហើយខ្លះទៅលំដាប់ក្រោមខ្ញុំគេមានក្របខ័ណ្ឌអស់ហើយ អន់ចិត្តខ្លួនឯងដែរបង ប៉ុន្តែមិនដឹងធ្វើម៉េច »។
មឿន សុខហ៊ុច បញ្ជាក់ទៀតថា « ពីមុនធ្លាប់មាន តម្រុយខ្លះដែរ បងរឿងចូលក្របខ័ណ្ឌ ដោយមេគាត់ទទួលកាលខ្ញុំបាក់ជើង តាំងពីឆ្នាំ២០១៩ រហូតមកដល់ឥឡូវ អត់ទាន់ឃើញមានតម្រុយអ្វីសោះ ។ ចំពោះបំណងដែល ខ្ញុំចង់ចូលក្របខ័ណ្ឌ ហាក់ដូចជាគ្មានសង្ឃឹមទេបង ណាមួយសមត្ថភាពខ្ញុំពេលនេះក៏រាងធ្លាក់ទម្រង់ខ្លះដែរ ដល់អញ្ចឹងលែងមានសង្ឃឹមហើយ »។
« ប្រសិនបើ សមត្ថភាពរបស់ខ្ញុំពីមុនត្រឡប់មកដូចដើម ហើយមានស្ថាប័នរដ្ឋ គេផ្តល់ឱកាស អាចឲ្យខ្ញុំ បានចូលក្របខ័ណ្ឌ ខ្ញុំនឹងខិតខំប្រឹងប្រែងហ្វឹកហាត់ឲ្យខ្លាំង មិនឲ្យអ្នកដែលជួយគេខកបំណងឡើយ ។ ជាចុងក្រោយខ្ញុំក៏សូមអរគុណដល់បងប្អូនអ្នកគាំទ្រ ដែលតែងតែ ទទូចសុំស្ថាប័នរដ្ឋ ដើម្បីឲ្យរូបខ្ញុំបានចូលក្របខ័ណ្ឌ។ សូមជូនពរឲ្យបងប្អូនមានសុខភាពល្អប្រកបរបររកស៊ីមានបាន» នេះជាការបន្ថែមរបស់ម្ចាស់ខ្សែក្រវាត់ប្រាក់ Muay Thai កាលឆ្នាំ២០១៦បានលើកឡើង។
សូមរម្លឹកថា កាលពីឆ្នាំ២០១៦ អ្នកប្រដាល់មានដើមកំណើតមកពីខេត្តកំពង់ចាម មឿន សុខហ៊ុច ធ្លាប់ឡើងប្រកួតលើទឹកដីថៃក្នុងនាមកីឡាករកម្ពុជា ដណ្តើមបានខ្សែក្រវ៉ាត់ប្រាក់ Max Muay Thai ធ្វើឲ្យកក្រើកម្តងរួចមកហើយ ប៉ុន្តែកាលនោះគេចាំបានថា ពេលឡើងទៅប្រកួតដណ្ដើមខ្សែក្រវាត់មាសគេក៏បានចាញ់ដៃគូ ហើយត្រឡប់មកទឹកដីកំណើតវិញបានត្រឹមខ្សែក្រវាត់ប្រាក់៕