ភួង សុខសាណា ប្រកាសព្យួរស្បែកជើងពីអាជីពជាកីឡាករបាល់ទាត់ ក្រោយប្រឡុកក្នុងវិស័យនេះជាង១៣ឆ្នាំ
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣ សមាគកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy Army FC បានប្រកាសថា កីឡាករ ភួង សុខសាណា បានសម្រេចចិត្តចូលនិវត្តន៍(ព្យួរស្បែកជើង) ពីអាជីពជាកីឡាករបាល់ទាត់ហើយ ក្រោយរួមរស់អស់រយៈពេលប្រមាណជាង ១៣ឆ្នាំមកនេះ។
រយ:ពេល១៣ឆ្នាំ ជាមួយក្លិបបាល់ទាត់ Tiffy Army FC ខ្សែប្រយុទ្ធពាក់អាវលេខ៧ ភួង សុខសាណា បានបង្កើតបានស្នាដៃជាច្រើន ជាពិសេសរួមចំណែកលើកពានរង្វាន់ Hun Sen Cup រដូវកាល ២០១៦ និង ២០១៨ ផងដែរ។
ខណ:ក្នុងក្រុមជម្រើសជាតិកម្ពុជា ភួង សុខសាណា ធ្លាប់ជាប់តាំងពីឈុត U22, U23 និងឈុតធំ តាំងពីឆ្នាំ ២០១០ រហូតដល់ចុងឆ្នាំ ២០១៥ ដោយបង្ហាញខ្លួនបាន១១លើក និងស៊ុតបញ្ចូលទីបាន១គ្រាប់ ទល់នឹងទីម័រខាងកើត មុនរបួសសរសៃពួរគន្លាក់ជង្គង់ (ACL)។
ទោះបីជាសម្រាកពីវិស័យបាល់ទាត់ តែ សាណា បានបញ្ជាក់គោលជំហរថា រូបគេនៅបន្តតែគាំទ្រគ្រប់សកម្មភាពរបស់ក្លិប Tiffy Army FC ព្រោះថារូបខ្លួនត្រូវបានគេស្គាល់មកដល់សព្វថ្ងៃ គឺដោយសារក្លិបទ័ពមួយនេះ។
ក្នុងនោះ សាណា ក៍បានផ្ដាំផ្ញើដល់ប្អូនៗ ជំនាន់ក្រោយត្រូវយកចិត្តទុកដាក់ស្តាប់គ្រូបង្វឹក និងប្រឹងប្រែងហ្វឹកហាត់ជាប្រចាំ ដើម្បី ស្វែងរកឱកាសជាប់ជម្រើសជាតិ និងជោគជ័យលើវិស័យកីឡាបាល់ទាត់មួយនេះ៕