សម្រាលកូនបាន ២ ខែ តារាសម្តែង កុល ដាវី ទាស់សរសៃដល់ថ្នាក់ស្វាមីមិនឱ្យធ្វើអ្វីទាំងអស់ !
ពេលនេះតារាសម្តែង កុល ដាវី សម្រាលកូនបានជាង ២ ខែហើយ ហើយសុខភាពនាងនៅពុំទាន់ល្អ ប្រសើរនៅឡើយទេ ដូច្នេះការងារទាំងអស់ត្រូវធ្លាក់មកលើលោក សុខ រក្សា ជាស្វាមីទាំងអស់ ។
លោក សុខ រក្សា ដែលជាស្វាមីតារាសម្តែង កុល ដាវី បានបញ្ជាក់ប្រាប់ថា សុខភាពភរិយា (កុល ដាវី) ខ្លួនមិនទាន់ល្អប្រសើរដូចដើមទេ ដៃជើងគាត់ឈឺសន្លាក់ ដូចពាក្យចាស់និយាយថា ទាស់សរសៃខ្ចី លោកពិតជាអាណិតភរិយាខ្លាំងណាស់ ។
ដើម្បីភរិយាបណ្តូលចិត្តមានសុខភាពល្អឡើងវិញ លោក សុខ រក្សា មិនឱ្យ កុល ដាវី ធ្វើការងារធ្ងន់ៗ ឡើយ ភាគច្រើនលោកធ្វើការងាររទាំងនោះជំនួសនាងទាំងអស់ សូម្បីតែមើលថែទាំកូនតូច ក៏លោកព្យាយាមមើលខុសត្រូវដោយខ្លួនឯងដែរ ។
កុល ដាវី កាន់តែទទួលបានភាពកក់ក្តៅពីស្វាមី នៅពេលឃើញទង្វើរល្អរបស់ស្វាមីក្នុងគ្រានេះ ។ ពេលនេះលោក សុខ រក្សា នៅពុំទាន់ឱ្យភរិយាខ្លួនប្រកបការងារសិល្បៈវិញនៅឡើយទេ លោកចង់ឱ្យ កុល ដាវី ថែទាំសុខភាពឱ្យបានល្អប្រសើរសិន ទើបទទួលការងារទាំងនោះ ។
តាំងពីទទួលបានកូនស្រីម្នាក់ជាចំណងដៃលោក សុខ រក្សា ស្រកសាច់ខ្លាំង សូម្បីតែពេលជួបជុំមិត្តភក្តិ ម្នាក់ៗលាន់មាត់ថា រក្សា ឥឡូវចាស់ម្លេះ មើលទៅដូចជាអ្នកមានជំងឺ ។ ទោះជាមិត្តភក្តិថាយ៉ាងនេះក្តី លោក សុខ រក្សា ញញឹមនិងតបទៅកាន់មិកត្តភក្តិភ្លាមៗថា រឿងអីមិនចាស់ បើមើលថែកូនទាំងយប់ទាំងថ្ងៃ ព្រោះមានតែប្តីប្រពន្ធផ្លាស់ប្តូរគ្នាមើលកូន យើងមិនមានអ្នកជួយ ឬអ្នកជំនួសទេ តែទោះជាលំបាកបន្តិច លោកសប្បាយរីករាយជាមួយគ្រួសារ ៕